Samdech Hun Sen Of Cambodia 🇰🇭
សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាត ឯកឧត្តម នាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង (PHAN VAN GIANG) រដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម ចូលជួបសម្ដែងការគួរសម
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង រដ្ឋមន្រ្តីក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្ដែងការគួរសម នៅវិមាន៧មករា រាជធានីភ្នំពេញ។
ជាកិច្ចចាប់ផ្តើម សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងនូវក្តីសប្បាយរីករាយចំពោះឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង និងគណៈប្រតិភូទាំងអស់ ដែលបានមកបំពេញទស្សនកិច្ច និងចូលរួមកម្មវិធីសមយុទ្ធយោធារួមគ្នា កម្ពុជា-ឡាវ-វៀតណាម។ ឆ្លៀតឱកាសនោះ សម្តេចតេជោបានរំលេចអំពីទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ដែលបានកត់ត្រាជាប្រវត្តិសាស្រ្ត និងបង្ហាញនៅវិមានឈ្នះ-ឈ្នះ ចាប់ផ្តើមតាំងពីចលនារំដោះជាតិកម្ពុជារបស់សម្តេច។
នាឱកាសជំនួបនេះ ឯកឧត្តមនាយឧត្តមសេនីយ៍ ហ្វាន វ៉ាន់ យ៉ាង បានសម្តែងនូវការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចតេជោ ដែលបានចំណាយពេលវេលាទទួលជួបរូប ឯកឧត្តម និងសហការី និងចំពោះការរំលឹកអំពីមនោសញ្ចេតនានៃទំនាក់ទំនងរវាងប្រទេសទាំងពីររយៈកាលជិត ៥០ឆ្នាំកន្លងទៅនេះ។
ឯកឧត្តម បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខរបស់បណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម ដូចជាឯកឧត្តមអគ្គលេខាធិកាបក្ស តូ ឡឹម, ឯកឧត្តមប្រធានរដ្ឋ លឿង កឿង, និងឯកឧត្តមនាយករដ្ឋមន្រ្តី ផាម មិញជីញ ជូនចំពោះសម្តេចតេជោ។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះកម្ពុជា ជាពិសេសក្រសួងការពារជាតិកម្ពុជា ដែលបានរៀបចំសមយុទ្ធយោធារួមគ្នារវាងប្រទេសទាំងបីបានយ៉ាងល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានលើកអំពីសមិទ្ធផលនានាដែលកម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រធានសម្រេចបាន និងក្នុងន័យនេះ បានជូនពរឱ្យកម្ពុជាបន្តសម្រេចបាននូវសមិទ្ធផលធំធេងផ្សេងៗបន្ថែមទៀត។ ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នាដែលមានទំនាក់ទំនងជាប្រពៃណី និងមានកិច្ចសហប្រតិបត្តិការប្រកៀកស្មាគ្នាយ៉ាងជិតស្និទ្ធនោះ ឯកឧត្តមរដ្ឋមន្រ្តីបានគូសបញ្ជាក់ថា សន្តិភាពរបស់ប្រទេសមួយ គឺជាសន្តិភាពរបស់ប្រទេសមួយទៀត។ ហេតុដូចនេះ វៀតណាមនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឥតឈប់ឈរជាមួយកម្ពុជា និងបន្តគំាទ្រកម្ពុជាក្នុងការបំពេញតួនាទីនៅលើឆាកអន្តរជាតិនានា។
ឯកឧត្តមរដ្ឋមន្រ្តីក៏បានជម្រាបជូន សម្តេចតេជោ អំពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-វៀតណាមនាពេលកន្លងមក និងទិសដៅនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរឆ្នាំ២០២៤-២០២៩ ដែលក្នុងនោះ រួមមានការអភិវឌ្ឍធនធានមនុស្ស, ការអប់រំបណ្តុះបណ្តាល, កិច្ចសហប្រតិបត្តិការតាមព្រំដែន, ការបន្តជំនួបជាប្រចាំរវាងរដ្ឋមន្រ្តីក្រសួងការពារជាតិទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ជាដើម។ ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង ក៏បានសម្តែងនូវក្តីសង្ឃឹមថា ការជំរុញកិច្ចសហប្រតិបត្តិការទាំងនេះនឹងធ្វើឱ្យប្រជាជននៃប្រទេសទាំងពីរ ជាពិសេសកងកម្លាំងយោធា បង្កើនភាពជឿជាក់រវាងគ្នា និងលើកកម្ពស់ការទទួលខុសត្រូវ មិនអនុញ្ញាតឱ្យពួកអមិត្តយកប្រទេសមួយប្រឆាំងនឹងប្រទេសមួយទៀតនោះឡើយ។
ឯកឧត្តម ហ្វាន វ៉ាន់ យ៉ាង បានស្នើកម្ពុជាជួយបង្កលក្ខណៈល្អដល់ក្រុមហ៊ុនវិនិយោគវៀតណាមនានានៅកម្ពុជា ដើម្បីជាការរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចរវាងប្រទេសទាំងពីរ និងដូចគ្នានេះ ស្នើអាជ្ញាធរកម្ពុជាជួយបន្តសម្រួលដល់ការស្វែងរកអដ្ឋិធាតុរបស់កងទ័ពវៀតណាមដែលបានពលីជីវិតនៅកម្ពុជាផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណចំពោះបណ្តាំផ្ញើសួរសុខទុក្ខ និងដូចគ្នានេះ តាមរយៈ ឯកឧត្តមហ្វាន វ៉ាន់ យ៉ាង ផ្តាំផ្ញើការសួរសុខទុក្ខជូនដល់ ឯកឧត្តម តូ ឡឹម និងបណ្តាថ្នាក់ដឹកនាំកំពូលវៀតណាម។ សម្តេច បានសម្តែងនូវការអបអរសាទរចំពោះភាពជោគជ័យនៃការរៀបចំសមយុទ្ធយោធារួមគ្នា និងជំនួបត្រីភាគីរបស់រដ្ឋមន្រ្តីក្រសួងការពារជាតិនៃប្រទេសទាំងបី។
សម្តេចតេជោ បានរំលឹកនូវប្រវត្តិទំនាក់ទំនងរវាងកម្ពុជា-វៀតណាម ចាប់តាំងពីឆ្នាំ១៩៦៧ និងបានលើកឡើងអំពីការចែករំលែកនូវការធ្វើបាឋកថាពិសេសរបស់សម្តេច នៅក្នុងពិធីបើក IPTP លើកទី១១ ដើម្បីជាការលើកតម្លៃមិត្តភាពរវាងប្រទេសយើងទាំងពីរ និងឱ្យពិភពលោកទទួលស្គាល់អំពីតួនាទីរបស់វៀតណាមនៅក្នុងការរំដោះកម្ពុជា។ សម្តេចបានបន្តលើកឡើងថា វិមានឈ្នះ-ឈ្នះ គឺជាផ្នែកមួយដ៏សំខាន់នៃការរក្សាទុកប្រវត្តិទំនាក់ទំនងនេះ។ ក្នុងន័យនេះ សម្តេចតេជោ បានស្នើមិត្តវៀតណាមជួយស្រាវជ្រាវរកឯកសារ និងកំណត់ត្រាបន្ថែមទៀត អំពីសកម្មភាពរបស់សម្តេចនៅក្នុងចលនាតស៊ូរំដោះជាតិ ដើម្បីអ្នកជំនាន់ក្រោយបានសិក្សាស្វែងយល់។ ចំពោះទំនាក់ទំនងទ្វេភាគី សម្តេចតេជោ បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តី ដែលបានលើកឡើងនូវទិសដៅសកម្មភាពការងារ ដែលត្រូវបន្តធ្វើទៅមុខ និងការបន្តផ្តល់ការគាំទ្រនានាដល់កម្ពុជា។ សម្តេចតេជោ បានចង្អុលបង្ហាញបន្ថែមថា ការអភិវឌ្ឍធនធានមនុស្សជាគោលដៅសំខាន់ និងបានផ្តល់អនុសាសន៍ឱ្យក្រសួងការពារជាតិនៃប្រទេសទាំងពីរពិនិត្យលទ្ធភាពរៀបចំទស្សនកិច្ចសិក្សា ការបោះជំរុំ និងការសិក្សារួមគ្នារវាងនាយទាហាន ដើម្បីពង្រឹងទំនាក់ទំនងគ្នា និងស្គាល់គ្នាពីដំបូងតែម្តង។
សម្តេចតេជោ បានលើកឡើងបន្តទៀតថា កិច្ចការរុករកអដ្ឋិធាតុកងទ័ពពលីវៀតណាមក៏ជាកិច្ចការអាទិភាព ដូចគ្នានឹងការវិនិយោគ ដែលត្រូវទទួលបានការគាំទ្រ និងបរិយាកាសល្អ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុនវៀតណាមអាចពង្រីកអាជីវកម្មបន្ថែម សំដៅជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ។
ចំពោះកិច្ចសហប្រតិបត្តិការ CLV-DTA សម្តេចតេជោ បានគូសបញ្ជាក់ជាថ្មីម្តងទៀតថា ការដកខ្លួនរបស់កម្ពុជាចេញពីយន្តការនេះ មិនបង្កផលប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងបីនោះទេ ដោយយើងប្រើយន្តការកិច្ចសហប្រតិបត្តិការកម្រិតប្រទេស មកជំនួសឱ្យកិច្ចសហប្រតិបត្តិការកម្រិតតំបន់នេះវិញ ដូចបានស្តែងឱ្យឃើញតាមរយៈការរៀបចំសមយុទ្ធយោធារួមគ្នាបីប្រទេសនេះជាដើម។ ជាចុងក្រោយនៅចុងបញ្ចប់ សម្តេចតេជោ បានជូនពរឯកឧត្តម និងគណៈប្រតិភូ ទទួលបានជោគជ័យក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជា។
🇰🇭 សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត 🇰🇭
លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុន៖ រដ្ឋាភិបាលថ្មីប្រទេសជប៉ុននៅតែបន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការជប៉ុន-កម្ពុជាឱ្យកាន់តែរឹងមាំថែមទៀត
នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោកជំទាវ ERI Arfiya អនុរដ្ឋមន្ត្រីការបរទេសជប៉ុន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅខេត្តសៀមរាប។
ក្នុងឱកាសនៃជំនួប លោកជំទាវអនុរដ្ឋមន្ត្រីការបរទេសជប៉ុនបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមិទ្ធផលដ៏ជោគជ័យរបស់កម្ពុជាក្នុងសកម្មភាពបោសសម្អាតមីន ដែលកន្លងមក ជប៉ុនបានចូលរួមចំណែកនៅក្នុងការកសាងសមត្ថភាពដល់កម្ពុជា ហើយកម្ពុជាបានវិវត្តន៍ខ្លួនក្លាយជាប្រទេសរួមចំណែកកសាងសមត្ថភាពទៅដល់ប្រទេសដទៃទៀត ក្នុងសកម្មភាពបោសសម្អាតមីននេះ ផងដែរ។ លោកជំទាវអនុរដ្ឋមន្ត្រីក៏បានគោរពជម្រាបជូនសម្ដេចបវរធិបតីបន្ថែមទៀតថា ដំណើរទស្សនកិច្ចរបស់លោកជំទាវនៅពេលនេះ គឺធ្វើឡើងក្នុងអាណត្តិនៃរាជរដ្ឋាភិបាលថ្មី ហើយលោកជំទាវក៏បានគូសបញ្ជាក់ថា ភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការ ព្រមទាំងការកសាងទំនុកចិត្តរវាងរដ្ឋាភិបាលជប៉ុន និងកម្ពុជា មិនត្រឹមតែបន្តរក្សាប៉ុណ្ណោះទេ ប៉ុន្តែនឹងបន្តពង្រឹង និងពង្រីក បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្ដែងនូវការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាអនុរដ្ឋមន្ត្រីការបរទេសជប៉ុន និងបានគូសបញ្ជាក់អំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសកម្ពុជា និងជប៉ុន ដែលបានឈានទៅដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ព្រមទាំងថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានចូលរួមចំណែកនៅក្នុងដំណើរការនៃការស្វែងរកនូវសន្តិភាពនៅកម្ពុជា និងការកសាង និងស្ដារប្រទេសកម្ពុជាឡើងវិញ ជាមួយនឹងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដូចសព្វថ្ងៃនេះ។ សម្ដេចបវរធិបតី ក៏បានប្ដេជ្ញាបន្តពូនជ្រុំឱ្យទំនាក់នង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត។
សម្ដេចបវរធិបតី និងលោកជំទាវអនុរដ្ឋមន្ត្រី ក៏បានបន្តពិភាក្សាលើការពង្រឹង និងពង្រីកនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ នៅលើវិស័យជាច្រើន រួមមានជាអាទិ៍៖ វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម, អប់រំ, គមនាគមន៍ និងហេដ្ឋារចនាសម្ព័ន្ធ, សន្តិសុខ និងសកម្មភាពមីន ជាដើម៕
#ហ៊ុនម៉ាណែត #hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #peaceincambodia
#-Fresh News -# 🇰🇭
ប្រសាសន៍សំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញថ្លែងបិទមហាសន្និបាត ICAPP លើកទី១២
(ភ្នំពេញ)៖ មហាសន្និបាត នៃសន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយអាស៊ី (ICAPP) លើកទី១២ ក្រោមប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» ដែលធ្វើឡើងនៅកម្ពុជារយៈពេល៣ថ្ងៃ បានឈានដល់ការបិទបញ្ចប់ហើយនៅថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។ ពិធីបិទនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រធានមហាសន្និបាត ICAPP លើកទី ១២។ ក្នុងពិធីនេះក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ICAPP និងបណ្តាថ្នាក់ដឹកនាំ និងតំណាងគណបក្សនយោបាយមកពី៤៥ប្រទេសផងដែរ។
ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គណបក្សប្រជាជនកម្ពុជា ពិតជាមានកិត្តិយស និង មោទនភាពជាខ្លាំង ដែលបានទទួលធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាត ICAPP ចំនួន២លើករួចមកហើយ ដែលលើកទី១ បានធ្វើឡើងក្នុងឆ្នាំ២០១០ ដោយទទួលបានភាពជោគជ័យ និង លទ្ធផលជាផ្លែផ្កា។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សម្តេចបានធ្វើការកត់សម្គាល់ដោយការពេញចិត្តជាខ្លាំង ចំពោះការអនុម័តលើសេចក្តីប្រកាសសន្តិភាពរាជធានីភ្នំពេញ និង សេចក្តីថ្លែងការណ៍របស់ ACC ដែលបានបង្ហាញពីបំណងប្រាថ្នា, ការប្តេជ្ញាចិត្ត និង កិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងចំណោមគណបក្សនយោបាយជាសមាជិកនៃ ICAPP ដើម្បីឆ្ពោះទៅស្វែងរកសន្តិភាព និងការផ្សះផ្សា ដែលទាំងនេះជាប្រធានបទនៃមហាសន្និបាតលើកទី១២នេះ ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា សូមយកឱកាសនេះបញ្ជាក់ជូនជាថ្មីម្តងទៀតថា សន្តិភាពនៅតែជាកត្តាចាំបាច់មិនអាចខ្វះបាន សម្រាប់សង្គមទាំងអស់ ហើយ ICAPP បានធ្វើកិច្ចការដ៏អស្ចារ្យមួយ ក្នុងនាមជាស្ថាប័នឈានមុខ និងធំជាងគេបំផុតមួយ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី លើការជំរុញសន្តិភាព, ការលើកកម្ពស់ការផ្សះផ្សា, សហវិជ្ជមាន, អន្តរសាសនា និងភាពសុខដុមសង្គម ព្រមទាំងវិបុលភាពរួមគ្នា សម្រាប់មនុស្សជាតិ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងដំណើរស្វែងរកសន្តិភាពរបស់ប្រទេសកម្ពុជា, យើងពុំអាចថ្លែងរៀបរាប់អស់អំពីឥទ្ធិពលដ៏ចាំបាច់ នៃការបង្រួបបង្រួម និងការដឹកនាំប្រកបដោយចក្ខុវិស័យ ក្រោមនយោបាយឈ្នះ-ឈ្នះ ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបង្រួបបង្រួមជាតិ និងសន្ដិភាពពេញលេញនៅចុងខែធ្នូ ឆ្នាំ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការកសាងប្រទេសឡើងវិញក្រោយជម្លោះ ប្រកបដោយប្រសិទ្ធភាព, ការកែទម្រង់ស៊ីជម្រៅ និងពេញលេញលើក្របខ័ណ្ឌច្បាប់, ស្ថាប័ន និង គោលនយោបាយ, និង ការធ្វើសមាហរណកម្មរបស់កម្ពុជា ចូលក្នុងសហគមន៍តំបន់ និងពិភពលោក ឡើងវិញ ដែលបានអនុញ្ញាតឱ្យកម្ពុជាក្លាយជាតួអង្គដ៏សកម្មមួយ ក្នុងការលើកកម្ពស់យន្តការពហុភាគីនិយម និងសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ភាពជោគជ័យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដែលត្រូវបានគេស្គាល់ថា ជាសាលាក្តីខ្មែរក្រហម បានផ្តល់នូវ «យុត្តិធម៌សម្រាប់ជនរងគ្រោះដែលបានស្លាប់ និង សន្តិភាពសម្រាប់អ្នករស់រានមានជីវិត»។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា តួនាទីរបស់កម្ពុជាក្នុងការថែរក្សាសន្តិភាពសកលសលោក និង ការរំដោះមីន ដែលស្ថិតនៅក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានឆ្លុះបញ្ជាំងពីភាពធន់របស់កម្ពុជាក្នុងការប្រឈមមុខទៅនឹងអតីតកាលដ៏លំបាក និង កំណត់បទដ្ឋានសកលប្រឆាំងនឹងអំពើឃោរឃៅ និង ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនាពេលអនាគត, ព្រមទាំងការផ្លាស់ប្តូរប្រទេសកម្ពុជា ពីជនរងគ្រោះក្លាយទៅជាអ្នកការពារសន្តិភាពដ៏សកម្ម និង ជាប្រទេសរំដោះមីនដែលពិភពលោកទទួលស្គាល់។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សន្តិភាពមិនមែនជាការទទួលខុសត្រូវរបស់ប្រទេសជាតិណាតែមួយនោះទេ ពោលគឺជាកិច្ចការរួមគ្នា។ ដូចនេះសូមអំពាវនាវដល់ប្រទេស, ស្ថាប័ន និង បុគ្គលទាំងអស់រួមគ្នារក្សា និង ស្វែងរកសន្តិភាពយូរអង្វែង។
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចជឿជាក់ថា ICAPP គឺជាក្តីសង្ឃឹមសម្រាប់សន្តិភាពទៅថ្ងៃអនាគត។ រួមគ្នាយើងឈ្នះ, រួមគ្នាយើងរីកចម្រើនឥតឈប់ឈរ និងយ៉ាងជ្រាលជ្រៅ៕